ស្ថានភាពនយោបាយតានតឹងនឹងធ្វើអោយតម្លៃដី និងផ្ទះធ្លាក់ចុះ
បើសិនជាស្ថានភាពនយោបាយប្រទេសកម្ពុជានឹងបន្តតានតឹងខ្លាំងឡើងៗរហូតដល់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ វានឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការសេដ្ឋកិច្ចប្រទេសកម្ពុជា វិស័យអចលនទ្រព្យ ពិសេសសំណង់ និងផ្ទះសម្បែង។
នៅពេលដែលស្ថានភាពនយោបាយស្ថិតនៅក្នុងភាពមិនប្រាកដប្រជា វិនិយោគិននឹងញញើតនៅក្នុងការសម្រេចចិត្តមកបណ្តាក់ទុន។ គម្រោងវិនិយោគធំៗនឹងគាំងទ្រឹង។ ការប៉ះពាល់នឹងឃើញច្បាស់ជាងគេទៅលើវិស័យសំណង់ដែលកំពុងតែរីកព្រោងព្រាតនៅក្នុងប្រទេសកម្ពុជា។
ការប៉ះពាល់បានកើតមានជាបណ្តើរៗហើយ នៅពេលដែសំណង់ផ្ទះល្វែង និងខន់ដូជាច្រើនពិបាកនឹងស្វែងរកអ្នកទិញ។ ដីធ្លីវិញ ក៏ត្រូវបានគេដឹងថា ពិបាកលក់ចេញហើយតម្លៃក៏គាំងទ្រឹងដែរ។
វិស័យសំណង់ គឺជាផ្នែកដ៏សំខាន់បំផុតមួយដែលជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ដូច្នេះការធ្លាក់ចុះវិស័យសំណង់នឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ដំណើរអវិជ្ជមានបែបនេះនឹងរឹងតែធ្ងន់ធ្ងរ បើសិនជាស្ថានភាពនយោបាយកម្ពុជាកាន់តែធ្ងន់ធ្ងរទៅៗ ដោយគ្មានដំណោះស្រាយពិតប្រាកដ ដើម្បីធានាស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។
ដូច្នេះវាចាំបាច់ណាស់ដែលអ្នកនយោបាយកម្ពុជា នាំគ្នាបន្ថយភាពតានតឹងផ្នែកនយោបាយ ដើម្បីធ្វើអោយវិនិយោគិនមិនមានការភ័យខ្លាចនៅក្នុងការបណ្តាក់ទុននៅកម្ពុជា។ កាលបើគ្មានការវិនិយោគគម្រោងថ្មីៗ ហើយគម្រោងវិនិយោគដែលមានស្រាប់ជាប់គាំងនោះ ដំណើរការសេដ្ឋកិច្ចកម្ពុជាទាំងមូលនឹងយឺតជាងមុនដោយធ្វើអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ចំណែកចំណូលរបស់ប្រជាជនកម្ពុជានឹងរងផលប៉ះពាល់ផងដែរ កាលបើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសមិនមានភាពរស់រវើក។
ដើម្បីធ្វើអោយសេដ្ឋកិច្ចកម្ពុជាបន្តភាពរស់រវើករបស់វា អ្នកនយោបាយមិនត្រូវឈ្លោះគ្នាយ៉ាងក្ឌុងក្ឌាំងគួរអោយភ័យខ្លាចនោះឡើយ។ គេត្រូវតែផ្តល់រូបភាពកម្ពុជាដ៏ស្ថិរភាព និងសន្តិភាពមួយសម្រាប់អ្នកវិនិយោគ៕
Category: Business

