ឆ្ងល់ ! អ្នកបើករថយន្តសង្គ្រោះទារសំណងពីអ្នកបង្ក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុករងរបួសបែកមុខបែកមាត់រវើរវាយលែងដឹងខុសដឹងត្រូវទៅហើយ ហើយរថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកដល់បម្រុងដឹកយកទៅសង្គ្រោះ តែមុននឹងដឹកចេញទៅសង្គ្រោះស្រាប់តែអ្នកបើករថយន្តសង្គ្រោះរូបនោះចេញមុខទារសំណងពីអ្នកបើករថយន្តបង្កចំនួន៣០០ដុល្លារទៅវិញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AG-8490 ម្នាក់ឯងតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2351 បើកបរដោយបុរសជនជាតិកូរ៉េរួមជាមួយនារីជនជាតិខ្មែរម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបំណងឆ្លងមហាវិថីព្រះនរោត្តម ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជិត១០ម៉ែត្រ និងម្ចាស់ម៉ូតូប៉ើងទើរលើដំបូលរថយន្តរមៀលធ្លាក់មកដីវិញរងរបួសធ្ងន់ បែកមុខបែកមាត់ រវើរវាយលែងដឹងខុសដឹងត្រូវ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តសង្គ្រោះគ្លីនិកឯកជនដែលអត់មានបិទយីហោមួយគ្រឿងបានបើកទៅដឹកជនរងគ្រោះដាក់ក្នុងរថយន្តដើម្បីយកទៅព្យាបាល តែមិនបានដឹកចេញទៅភ្លាមៗទេ ដោយអ្នកបើករថយន្តគ្លីនិកឯកជននោះចេញមកទារសំណងពីអ្នកបង្កជំនួសជនរងគ្រោះចំនួន៣០០ដុល្លារ តែនារីដែលរួមដំណើរជាមួយជនជាតិកូរ៉េមានលុយចំនួន២០០ដុល្លារហើយដើរខ្ចីគេឯងបានតែ២៧០ដុល្លារ ទើបទទួលយកចំនួន២៧០ដុល្លារ ដោយអ្នកបើករថយន្តសង្គ្រោះរូបនោះប្រាប់ថា ឲ្យលុយទៅជនរងគ្រោះទៅដោយផ្ទាល់ចុះ ទោះបីជាជនរងគ្រោះប៉ះពាល់ក្បាលរវើរវាយទៅហើយក៏ដោយ ធ្វើឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាឆ្ងល់ ហើយហួសចិត្តគ្រប់គ្នា ហេតុអ្វីគ្រាន់តែជាអ្នកបើករថយន្តសង្គ្រោះសោះហ៊ានចេញមុខទារសំណងពីអ្នកបង្កទៅវិញ ទាំងជនរងគ្រោះមិនមានសាច់ញាតិមកជាមួយសោះ ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានអ្នកបើករថយន្តសង្គ្រោះប្រាប់ទៅសមត្ថកិច្ចថា មិនចាំបាច់យកទៅណាទេ រង់ចាំគេបើករថយន្តមកដឹកម៉ូតូយកទៅគ្លីនិកតែម្តង ៕
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖

