គៀត សុវណ្ណាឡាង គេចពីឈុតបបោសអង្អែលនិងជញ្ជក់មាត់
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាគៀត សុវណ្ណាឡាង បានចុះកិច្ចសន្យាថតភាពយន្តយ៉ាងហោចណាស់ដប់រឿង ។ ទោះជាយ៉ាងណាក្តី ស្រីស្អាតរូបនេះខ្លាចឈុតឆាកឱបថើប បបោសអង្អែលនៅលើគ្រែ និងឈុតថើបជញ្ជក់មាត់ ។
កញ្ញាគៀត សុវណ្ណាឡាង ឱ្យដឹងបែបនេះគ្រានាងចូលរួមសម្ពោធបញ្ចាំងស្នាដៃសម្តែងថ្មីរបស់នាងរឿង «ហេឡូភ្នំពេញ » របស់ផលិតកម្មអិលឌីភីកឆើ កាលពីល្ងាចថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៦ នៅរោងកុនលេជេន ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ពិធីសម្ពោធនោះមានតារាសម្តែង និងទស្សនិកជនច្រើនចូលរួម ។
កញ្ញាគៀត សុវណ្ណាឡាង និយាយថា «បើនិយាយពីរឿងសម្តែងឈុតបែបណាក៏នាងខ្ញុំហ៊ានសម្តែងអត់ខ្លាចប៉ះពាល់អ្វីឡើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបើត្រង់ឈុតថើបមាត់ ឈុតសម្តែងរោលរាលនៅលើគ្រែ បញ្ចេញគល់ទ្រូង បញ្ចេញគល់ភ្លៅ គឺចេញផ្សាយទៅបែបអាសអាភាស នាងខ្ញុំមិនហ៊ានតែម្តង ព្រោះអារម្មណ៍មើលទៅខ្មាស ហើយទទួលយកមិនបានទេ ។ យើងជាស្រីទៀតបើបង្វែរជាថើបថ្ពាល់ ឬថ្ងាសគឺមិនជាអ្វីឡើយ»។
កន្លងមកអ្នកដឹកនាំរឿងតែងតែឱ្យសាច់រឿងគៀត សុវណ្ណាឡាង មើលជាមុន ដោយដឹងថានាងមិនចូលចិត្តឈុតសម្តែងបែបស្នេហារោលរាលលើគ្រែនោះ។ ទោះជាយ៉ាងណាក្តី សុវណ្ណាឡាង មិនខ្លាចឈុតស្លៀកខ្លីបែបប៊ីគីនីហែលទឹកបញ្ចេញគល់ភ្លៅទេ ។
ការសម្តែងឱ្យផលិតកម្មអិលឌីភីកឆើ ក្រោមចំណងជើងថា «ហេឡូភ្នំពេញ» គឺជាស្នាដៃទី២របស់គៀត សុវណ្ណាឡាង ដោយមុននេះគឺរឿង «មែ៉ដោះក្រមុំ» ។ ក្នុងភាពយន្តរឿង «ហេឡូភ្នំពេញ» សុវណ្ណាឡាងសម្តែងបែបកំប្លែងចាប់ដៃគូជាមួយលោកលឹម ជាឡាយ ជាតារាសម្តែងមានបទពិសោធន៍ច្រើន ។ នេះជាលើកទី២ ហើយដែលសុវណ្ណាឡាងប៉ះគ្នាសម្តែងជាមួយលោកលឹម ជាឡាយ ។
មានចរិតឡិកឡក់បែបកំប្លែងនៅក្រៅឆាក លុះពេលគេឱ្យសម្តែងបែប កំប្លែងៗ គឺត្រូវនឹងគៀត សុវណ្ណាឡាង ។រវាងសុវណ្ណាឡាងនិងលោកលឹម ជាឡាយ បានសហការគ្នាល្អដើម្បីលើកមុខមាត់ក្នុងស្នាដៃថ្មីនេះ។ ខណៈវណ្ណកម្មថ្មីរឿង «ហេឡូភ្នំពេញ» ចាក់បញ្ចាំងកញ្ញាគៀត សុវណ្ណាឡាងអំពាវនាវមហាជនឱ្យចូលរួមទស្សនាកុំបីខាន ព្រោះនេះជារសជាតិកំប្លែងសើចថ្មីទៀត មិនធ្វើឱ្យខកបំណងទេ ។
ចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូ(Video)ខាងក្រោម៖
Category: Star

