តម្លៃ​ទុរេន​កំពត ថ្លៃ​ជាង​ទុរេន​នាំ​ចូល​ពី​វៀតណាម ៣​ដង

Hous70Press | 1:44:00 AM |

ខែ​ទុរេន​បាន​ឈាន​ចូល​មក​ដល់​ហើយ និង​​កំពុង​ដាក់​លក់​ព្រោង​ព្រាត​នៅ​តាម​ទី​ផ្សារ ព្រម​ទាំង​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ចំពោះ​តម្លៃ​វិញ ខុស​ៗ​គ្នា​ទៅ​តាម​តំបន់​ដែល​ទុរេន​នោះ​នាំ​ចូល ដូច​ជា កំពត កំពង់​ចាម និង​ទុរេន​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ជា​ដើម។ តាម​នារី​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​លក់​ទុរេន​នៅ​មហាវិថី​ព្រះសីហនុ ជិត​ស្តុប​ពេទ្យ​ចិន បាន​បញ្ជាក់​ថា ទុរេន​ដែល​ខ្លួន​កំពុង​លក់ នាំ​មក​ពី​ខេត្ត​កំពង់ចាម មាន​តម្លៃ ១៥០០០​រៀល។ ចំពោះ​ទុរេន​កំពត នៅ​ពេល​នេះ​មិន​ទាន់​សម្បូរ​នៅ​ឡើយ​ទេ ហើយ​អាច​ដាក់​លក់​តម្លៃ​រហូត​ដល់ ២៨០០០​រៀល។

ប្អូន​ស្រី​បាន​បន្ថែម​ទៀត​ថា មិន​បាន​យក​ទុរេន​វៀតណាម​មក​លក់​ឡើយ ប៉ុន្តែ​ធ្លាប់​ដឹង​​តម្លៃ​នាំ​ចូល​នៅ​​ផ្សារ​ដើមគរ ត្រឹម ៥០០០ ទៅ ៦០០០​រៀល​ប៉ុណ្ណោះ។ អាជីវករ​យក​ទុរេន​វៀតណាម​មក​ដាក់​លក់​វិញ​ក្នុង​តម្លៃ​ចន្លោះ​ពី ៨០០០ ទៅ ១ម៉ឺន​រៀល។

ខែ​ដែល​សម្បូរ​ទុរេន​បំផុត គឺ​ចាប់​ពី​ខែ​មេសា រហូត​ដល់​ខែ​កក្កដា ខណៈ​ដែល​ខែ​សីហា និង​កញ្ញា​ចាប់​ផ្ដើម​ខ្សត់​ខ្សោយ​ទៅ​វិញ​បន្តិច។ ចំពោះ​ទុរេន​កំពត ខុស​ពី​ទុរេន​កំពង់ចាម ព្រោះ​ខែ​នេះ​នៅ​មិន​ទាន់​សម្បូរ​នៅ​ឡើយ​ទេ ទើប​មាន​តិច​តួច​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​តម្លៃ​ថ្លៃ៕

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!